វិធីលាងជូតសំអាតកញ្ចក់វ៉ែនតា

តើ​អ្នកជួប​​បញ្ហា​កញ្ចក់​វ៉ែន​តា​​មាន​សភាព​ស្រ​អាប់​មែន​ទេ? តើ​​អ្នក​គួរ​​តែ​ដោះ​ស្រាយ​​ដោយ​របៀប​ណា?

​​              វា​ពិត​ជា​មាន​​សារៈ​សំខាន់​ណាស់​សម្រាប់​អ្នក​​ដែល​មាន​បញ្ហា​​ភ្នែក​ម៉្ញូប​ ភ្នែក​មាន​បញ្ហា​ត្រូវ​ការ​វ៉ែន​តា និង​​អ្នក​ប្រើ​ប្រាស់​វ៉ែន​តា​ជាប់​ជា​ប្រ​ចាំ ក្នុង​ការ​សំអាត​នូវ​កញ្ចក់​វ៉ែន​តា​អោយ​បាន​​ញឹក​ញាប់​ ព្រោះ​កាល​ណា​​កញ្ចក់​វ៉ែន​តា​របស់​អ្នក​មាន​ជាប់​ស្នាម​ប្រឡាក់​ ឬ​មាន​ភាព​​ស្រ​អាប់​ នោះ​អ្ន​ក​​នឹង​មើល​មិន​សូវ​ឃើ​ញ​ច្បាស់។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ អ្នក​អាច​អនុវត្ត​តាម​ការ​ណែ​នាំ​ដូច​ខាង​ក្រោមៈ

១. លាង​នឹង​ទឹក​ធម្មតា

– បើ​សិន​ជា​កញ្ចក់​វ៉ែនតា​អ្នក មាន​ជាប់​ធូលី​ធម្មតា​ អ្នក​អាច​យក​ក្រណាត់​ជូត​វ៉ែនតា (ក្រណាត់​ទន់​ភ្ជាប់​ជា​មួយ​ពេល​ដែល​អ្នក​ទិញ​វ៉ែនតា) មក​ជូត​ថ្នមៗ និង​មួយៗ។ ការ​ជូត​នោះ​ទៀត​សោត ត្រូវ​ជូត​ពី​ឆ្វេង​មក​ស្ដាំ ពី​ស្ដាំ​មក​ឆ្វេង មិន​មែន​ចេះ​តែ​ជូត​ប៉ាតណាប៉ាតណី​ដែល​ធ្វើ​ឲ្យ​កូត​កញ្ចក់​វ៉ែនតា​នោះ​ទេ។

– បើ​កញ្ចក់​វ៉ែនតា មាន​ជាប់​ធូលី​ខ្លាំង អ្នក​ត្រូវ​លាង​កញ្ចក់​នឹង​ទឹក​ធម្មតា ចៀសវាង​ប្រើ​ទឹក​សាប៊ូ​បោក​ខោអាវ។ ការ​លាង គឺ​អ្នក​គ្រាន់​តែ​បើក​ក្បាល​ទឹក​រ៉ូប៊ីនេ​តិចៗ ពី​លើ​វ៉ែនតា ឬ​ជ្រលក់​ក្នុង​ទឹក​ស្អាត រួច​យក​ដៃ​ជូត​លាង​ថ្នមៗ និង​ប្រើ​ក្រណាត់​ជូត​វ៉ែនតា​ជូន​ឲ្យ​ស្ងួត។

២. លាង​នឹងសាប៊ូលាង​ចាន​

បន្តក់​សាប៊ូលាង​ចាន​​ទៅ​លើ​កញ្ចក់​ ហើយ​លាង​​សំអាត​ជា​មួយ​នឹង​ទឹក​ក្តៅ​ ការ​ធ្វើ​បែប​នេះ​គឺ​ជួយ​​សំអាត​នូវ​ស្នាម​ក​ខ្វក់​ ឬ​ប្រេង​ ខ្លាញ់​ដែល​​​មាន​ជាប់​នៅ​លើ​កញ្ចក់, អាច​ប្រើ​ក្រ​ណាត់​ស្តើង​​បែប​កូត​តុងដែល​អ្នក​ប្រើ​ជា​កន្សែង មក​ជូត​ថ្នមៗ​ នៅ​លើ​កញ្ចក់​វ៉ែន​តា​ជាប់​ស្នាម​ប្រឡាក់។

៣. លាង​នឹង​ទឹក​ថ្នាំ​បាញ់

បើ​សិន​កញ្ចក់​វ៉ែនតា​អ្នក មាន​ជាប់​ខ្លាញ់ ឬ​ប្រេង ដែល​កើត​ឡើង​ដោយ​សារ​ខ្លាញ់​លើ​មុខ​អ្នក ឬ​ចំហាយ​ខ្លាញ់​ពេល​អ្នក​កំពុង​ញ៉ាំ​អាហារ គប្បី​លាង​សម្អាត​វា​នឹង​ទឹក​ថ្នាំ​បាញ់ រួច​ប្រើ​ក្រណាត់​ជូត​វ៉ែនតា​ពី​ឆ្វេង​ទៅ​ស្ដាំ ពី​ស្ដាំ​ទៅ​ឆ្វេង ចៀស​វាង​មាន​ស្នាម​កូត បើ​ជូត​មិន​ត្រឹម​ត្រូវ។ ទឹក​ថ្នាំ​បាញ់​លាង​សម្អាត​កញ្ចក់​វ៉ែនតា អ្នក​អាច​រក​បាន​នៅ​តាម​បណ្ដា​ហាង​លក់​វ៉ែនតា។

Credit by: cambodiapiece

Views : 2,690