បញ្ហាភ្នែកគឺជាកត្តាដ៏សំខាន់ ដែលមនុស្សគ្រប់គួរតែយកចិត្តទុកដាក់ និង ត្រូវថែរក្សាសុខភាពរបស់វាឲ្យបានល្អ។ ជាក់ស្ដែងបច្ចុប្បន្នមានមនុស្សជាច្រើនកំពុងជួបបញ្ហាភ្នែកនេះផ្សេងៗពីគ្នា ដោយអ្នកខ្លះមើលអេក្រង់កុំព្យូទ័រយូរអត់បានឆាប់ឈឺភ្នែក អន់ភ្នែក (ម្ញូប)…។
យ៉ាងណាក្ដី បើអ្នកយកចិត្តទុកដាក់ថែរក្សាភ្នែកឲ្យបានល្អនោះ គុណភាពរបស់ភ្នែករបស់អ្នក ក៏មិនអន់ថយទៅតាមវ័យប៉ុន្មាននោះដែរ។ ខាងក្រោមនេះ គឺជាចំណុច១០យ៉ាង ដែលអាចជួយឲ្យភ្នែករបស់អ្នក មានសុខភាពល្អ៖

ទាំង១០​ចំណុចខាងក្រោមនេះ​ជួយ​ថែ​រក្សា​​ភ្នែក​របស់​អ្នកឲ្យ​មាន​សុខភាព​ល្អ

១. ព្យាយាមនៅឲ្យឆ្ងាយពីអេក្រង់៖ កុំសម្លឹងមើលអេក្រង់កុំព្យូទ័រ ទូរសព្ទ ទូរទស្សន៍ ឬអេក្រង់ផ្សេងៗ ក្នុងចម្ងាយជិតពេក ព្រោះពន្លឺទាំងនោះ អាចធ្វើឲ្យអ្នកឆាប់ស្រវាំង និងឈឺហួលភ្នែកបាន។ អ្នកគួរនៅចម្ងាយសមល្មម និងព្យាយាមសម្លឹងមើលអ្វីផ្សេងខ្លះ។

២. សម្រាកដោយការព្រិចភ្នែក៖ នៅពេលអ្នកធ្វើការប្រើប្រាស់កុំព្យូទ័រ ឬមើលអេក្រង់ផ្សេងៗរៀងរាល់ថ្ងៃ អ្នកគួរតែសម្រាកភ្នែកដោយព្រិចប្រហែលជា២០វិនាទី រាល់២០នាទីម្ដង ព្រោះបើអ្នកសម្លឹងយូរជ្រុលពេក អាចធ្វើឲ្យភ្នែករបស់អ្នកស្ងួត។

៣. ពាក់វ៉ែនតាជំនួយ៖ បើអ្នកអាចពាក់វ៉ែនតាការពារពន្លឺ ឬវ៉ែនតាការពារកម្ដៅថ្ងៃបាន គឺជាការល្អ ព្រោះវាអាចជួយភ្នែកបានច្រើន និងជួយទប់ស្កាត់កាំរស្មី UVA និង UVB បានច្រើនភាគរយដែរ។

៤. ព្យាយាមញ៉ាំអាហារសមុទ្រ៖ តាមការសិក្សាស្រាវជ្រាវមួយ ឲ្យដឹងថា អ្នកញ៉ាំអាហារសមុទ្រ១ដង ក្នុង១សប្ដាហ៍ គឺអាចកាត់បន្ថយជំងឺភ្នែក បានដល់ទៅ៤២% បើធៀបនឹងអ្នកអត់ដែលញ៉ាំអាហារសមុទ្រសោះ។

៥. ញ៉ាំបន្លែឲ្យបានច្រើន៖ ការ៉ុតគឺជាបន្លែម្យ៉ាង សម្បូរទៅដោយវីតាមីន A ដែលអាចជួយដល់ភ្នែកមានសុខភាពល្អ ខណៈដែលបន្លែបៃតងក៏ជួយភ្នែកបានច្រើនផងដែរ។

៦. គេងឲ្យបានគ្រប់គ្រាន់៖ ការគេងគ្រប់គ្រាន់ ពិតជាជួយឲ្យភ្នែកមានសុខភាពរឹងមាំល្អ និងមិនសូវមានភាពនឿយហត់នោះទេ។

វិធីជួយថែរក្សាភ្នែករបស់អ្នកឲ្យមានសុខភាពល្អ

៧. គួរយកចិត្តទុកដាក់លើដឺក្រេនៃវ៉ែនតា៖ ការសិក្សារបស់សាកលវិទ្យាល័យភាគខាងត្បូង Texas បានឲ្យដឹងថា ៨៥% នៃអ្នកពាក់វ៉ែនតា ពុំបានយកចិត្តទុកដាក់ខ្លាំងដល់កម្រិតដឺក្រេរបស់វ៉ែនតាខ្លួននោះទេ។ ការពាក់វ៉ែនតាខុសកម្រិតដឺក្រេនេះ ក៏ជាហេតុអាចធ្វើភ្នែកឆាប់ខូចដែរ។

៨. លាងសម្អាត និងដូរសម្ភារៈតែងមុខ៖ អ្នកគួរលាងសម្អាតភ្នែក ពេលត្រឡប់មកពីកម្មវិធីនានា ក្រោយការ Make up ហើយសម្ភារៈដែល Make up គួរតែបោះបង់ចោលក្រោយ៣ខែម្ដងបើអាច ព្រោះបាក់តេរី អាចនឹងនៅជាប់នឹងម៉ាស្ការ៉ា និងអាចប៉ះពាល់ដល់ភ្នែករបស់អ្នក។

៩. ពាក់វ៉ែនតាការពារភ្នែកពេលធ្វើការងារផ្សេងៗ៖ រាល់ការងារទាំងឡាយណា ក៏ដោយដែលប្រើប្រាស់ភ្នែកសម្លឹងមើលខ្លាំង អ្នកគួរតែពាក់វ៉ែនតាឲ្យបានជាប់ជាការល្អ ព្រោះវាអាចជួយទាំងសុខភាពភ្នែក និងជួយទប់ស្កាត់គ្រោះថ្នាក់ជាយថាហេតុផងដែរ។

១០. គួរពិភាក្សាជាមួយពេទ្យភ្នែក៖ បើអ្នកដឹងខ្លួនឯងថា មានបញ្ហាភ្នែក ដូចជាភ្នែកឧស្សាហ៍ឈឺញឹកញាប់ ឬមើលឆ្ងាយមិនសូវជាច្បាស់នោះ អ្នកគួរទៅជួបអ្នកជំនាញភ្នែក ដើម្បីពិភាក្សា ព្រោះបើបណ្ដែតបណ្ដោយនោះ វាកាន់តែធ្ងន់ធ្ងរទៅថ្ងៃមុខទៀត៕

វិធីជួយថែរក្សាភ្នែករបស់អ្នកឲ្យមានសុខភាពល្អ

 

Credit by: ៖ Realsimple

Views : 197